ព្រះត្រៃបិដក ភាគ ២៨
[២៩១] ពាក្យថា វេទនាកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា១។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង... ឃានវិញ្ញាណ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន... ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស... កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ... មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា១។ ពាក្យណា ដែលតថាគត ពោលហើយថា វេទនាកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៥។
ID: 636848274108265943
ទៅកាន់ទំព័រ៖