ព្រះត្រៃបិដក ភាគ ២៨
មិនបាច់គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា មិនបាច់លះបង់នូវអវិជ្ជា មិនបាច់ញុំាងវិជ្ជាឲ្យកើតឡើងក៏ដោយ ក៏គង់ជាអ្នកធ្វើទីបំផុត នៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។
[២៩៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខវេទនាពាល់ត្រូវ រមែងមិនរីករាយ មិនក្អាកក្អាយ មិនតាំងនៅក្នុងសេចក្តីពេញចិត្តទេ រាគានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាលទុក្ខវេទនាពាល់ត្រូវ រមែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេងទេ បដិឃានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាលអទុក្ខមសុខវេទនាពាល់ត្រូវ រមែងដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវសេចក្តីវិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់ចេញ នូវវេទនានោះ អវិជ្ជានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។
ID: 636848276978430107
ទៅកាន់ទំព័រ៖