ព្រះត្រៃបិដក ភាគ ២៨
ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះឯង លះបង់នូវរាគានុស័យ ក្នុងសុខវេទនា បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើងហើយ និងជាអ្នកធ្វើទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ ម្នាលភិក្ខុទាំងឡាយ សោតវិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង... ម្នាលភិក្ខុទាំងឡាយ ឃានវិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន... ម្នាលភិក្ខុទាំងឡាយ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស... ម្នាលភិក្ខុទាំងឡាយ កាយវិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ... ម្នាលភិក្ខុទាំងឡាយ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលសុខវេទនាពាល់ត្រូវ រមែងមិនរីករាយ មិនក្អាកក្អាយ មិនតាំងនៅក្នុងសេចក្តីពេញចិត្តទេ រាគានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។
ID: 636848277163160673
ទៅកាន់ទំព័រ៖