ព្រះត្រៃបិដក ភាគ ២៨
វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនត្រេកអរក្នុងវេទនានោះផង។ កាលបុគ្គលនោះមិនត្រេកអរ មិនជ្រុលជ្រប់ មិនវង្វេងងុលងប់ ជាអ្នកពិចារណាឃើញទោសរឿយៗ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីមិនចម្រើនតទៅ។ ឯតណ្ហាដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ ក៏បុគ្គលនោះឯង លះបង់បាន។ សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ក៏បុគ្គលនោះ លះបង់បាន សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ក៏លះបង់បាន សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ក៏លះបង់បាន សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន។ បុគ្គលនោះ តែងទទួលនូវសេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត។
ID: 636848280266418170
ទៅកាន់ទំព័រ៖