ព្រះត្រៃបិដក ភាគ ២៨
ព្រះអង្គជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងមកកាន់ភពថ្មីទៀត ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ប្រសើររបស់ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ទ្រង់សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ព្រះអង្គប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ក៏ដំណើរដែលបានចួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក។ គ្រានោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកនគរវិន្ទៈ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ ប្រកាសនាម និងគោត្រ ក្នុងសំណាក់ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយនៅស្ងៀម ក្នុងទីដ៏សមគួរ។
ID: 636848281331529090
ទៅកាន់ទំព័រ៖