ព្រះត្រៃបិដក ភាគ ២៨
ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់មោហៈដោយពិត។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះឯង។
[៣១១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកនគរវិន្ទៈ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញរូបបាន ខ្ញុំព្រះអង្គទាំងឡាយនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីពឹង សូមព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបទុកនូវខ្ញុំព្រះអង្គទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។
ចប់ នគរវិន្ទេយ្យសូត្រ ទី៨។
ID: 636848283042066928
ទៅកាន់ទំព័រ៖