ព្រះត្រៃបិដក ភាគ ២៨

បិណ្ឌបាត​បារិសុទ្ធិ​សូត្រ​ ​ទី៩​


 [​៣១២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចេញ​អំពី​ផល​សមាបត្តិ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​សារីបុត្ត​ ​ឥន្ទ្រិយ​របស់​អ្នក​ជ្រះថ្លា​ ​សម្បុរស្បែក​របស់​អ្នក​ ​ស្អាត​ផូរផង់​ ​ម្នាល​សារីបុត្ត​ ​ក្នុង​កាល​ឥឡូវនេះ​ ​តើ​លោក​ច្រើន​ប្រព្រឹត្តទៅ​ដោយ​វិហារធម៌​ដូចម្តេច​។​ ​ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ច្រើន​ប្រព្រឹត្តទៅ​ដោយ​ ​សុញ្ញ​តា​វិហារធម៌​(​១​)​ ​។​
​(​១​)​ ​បាន​ដល់​សុញ្ញ​ត​ផល​សមាបត្តិ​។​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636848283367745555
ទៅកាន់ទំព័រ៖