ព្រះត្រៃបិដក ភាគ ២៨
[៣៦] ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ ចក្ខុនិងរូប ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណមិនជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបជាបច្ចុប្បន្ននោះឯង បុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ ត្រចៀក និងសំឡេង... ម្នាលអាវុសោ ច្រមុះ និងក្លិន... ម្នាលអាវុសោ អណ្តាត និងរស... ម្នាលអាវុសោ កាយ និងផោដ្ឋព្វៈ... ម្នាលអាវុសោ ចិត្ត និងធម្មារម្មណ៍ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងមិនជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍ ជាបច្ចុប្បន្ននោះឯង បុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍ជាបច្ចុប្បន្ននោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា មិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។
ID: 636848123299490175
ទៅកាន់ទំព័រ៖