ព្រះត្រៃបិដក ភាគ ២៨
[៣១៦] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា នីវរណៈ ទាំង៥ប្រការ អាត្មាអញ បានលះបង់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា នីវរណៈ ទាំង៥ប្រការ អាត្មាអញ មិនទាន់បានលះបង់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីលះបង់ នូវនីវរណៈ ទាំង៥ប្រការចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណា ដឹងយ៉ាងនេះវិញថា នីវរណៈ ទាំង៥ប្រការ អាត្មាអញ បានលះបង់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[៣១៧] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណា ដូច្នេះថា ឧបាទានក្ខន្ធ ទាំង៥ប្រការ អាត្មាអញ កំណត់ដឹងហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឧបាទានក្ខន្ធ ទាំង៥ប្រការ អាត្មាអញ មិនទាន់កំណត់ដឹងទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បីព្យាយាម ដើម្បីកំណត់ដឹង នូវឧបាទានក្ខន្ធ ទាំង៥ប្រការ។
ID: 636848284983007943
ទៅកាន់ទំព័រ៖