ព្រះត្រៃបិដក ភាគ ២៨
[៣៣០] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ឧត្តរមាណព ជាសិស្សរបស់បារាសិរិយព្រាហ្មណ៍ អង្គុយនៅស្ងៀម អៀនអន់ ឱនក ដាក់មុខជ្រប់ មិននិយាយហើយ ទើបត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ បារាសិរិយព្រាហ្មណ៍ តែងសំដែង នូវវិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ ផ្សេង ចំណែកការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈផ្សេង។ ព្រះអានន្ទត្ថេរ ក្រាបបង្គំទូលថា ព្រះមានព្រះភាគ គប្បីសំដែងនូវវិធីចម្រើនឥន្ទ្រិយ ដ៏ប្រសើរណា ក្នុងវិន័យរបស់ព្រះអរិយៈ បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរនឹងសំដែង នូវវិធីចម្រើនឥន្ទ្រិយនុ៎ះ បពិត្រព្រះសុគត កាលនេះ ជាកាលគួរនឹងសំដែង នូវវិធីចម្រើនឥន្ទ្រិយនុ៎ះ ភិក្ខុទាំងឡាយ បានស្តាប់ព្រះពុទ្ធដីកា របស់ព្រះអង្គហើយ នឹងចងចាំបាន។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូល នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
ID: 636848287551854873
ទៅកាន់ទំព័រ៖