ព្រះត្រៃបិដក ភាគ ២៨
ទើបឋិតនៅក្នុងទីសមគួរ បពិត្រព្រះអង្គ លុះទេវបុត្រនោះ ឋិតនៅក្នុងទីសមគួរហើយ ទើបបានពោលពាក្យនេះ នឹងខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវភង្គនៃភទ្ទេករត្តៈឬទេ កាលទេវបុត្រនោះ សួរយ៉ាងនេះហើយ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គបានពោលនឹងទេវបុត្រនោះ យ៉ាងនេះថា ម្នាលអាវុសោ យើងមិនចាំនូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តៈទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈឬ បពិត្រភិក្ខុ ខ្ញុំមិនចាំនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈទេ បពិត្រភិក្ខុ ចុះលោកចាំនូវភទ្ទេករត្តិគាថាទាំងឡាយឬ ម្នាលអាវុសោ យើងមិនចាំនូវភទ្ទេករត្តិគាថាទាំងឡាយទេ ម្នាលអាវុសោ ចុះអ្នកចាំនូវភទ្ទេករត្តិគាថាទាំងឡាយឬ បពិត្រភិក្ខុ ខ្ញុំចាំនូវភទ្ទេករត្តិគាថាទាំងឡាយ ម្នាលអាវុសោ ចុះអ្នកចាំនូវភទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការដូចម្តេច បពិត្រភិក្ខុ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើបណ្ឌុកម្ពលសិលា ទៀបដើមបារិច្ឆត្តកព្រឹក្ស ក្នុងឋានតាវត្តិង្សទេវលោក គ្រានោះ ព្រះមានព្រះភាគ បានភាសិតនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈ ដល់ពួកទេវតា ឋានតាវត្តិង្សថា
ID: 636848136719347747
ទៅកាន់ទំព័រ៖