ព្រះត្រៃបិដក ភាគ ២៨

 [​៤៨​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​មិន​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​ ​តើ​ដូចម្តេច​។​ ​បុគ្គល​មិន​អាឡោះអាល័យ​នូវ​តម្រេក​ ​ក្នុង​ទី​នោះ​ៗ​ថា​ ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​ ​អាត្មាអញ​ ​មាន​វេទនា​យ៉ាងនេះ​។​បេ​។​ ​អាត្មាអញ​ ​មាន​សញ្ញា​យ៉ាងនេះ​។​បេ​។​ ​អាត្មាអញ​ ​មាន​សង្ខារ​យ៉ាងនេះ​។​បេ​។​ ​បុគ្គល​ ​មិន​អាឡោះអាល័យ​ ​នូវ​តម្រេក​ ​ក្នុង​ទី​នោះ​ៗ​ថា​ ​អាត្មាអញ​ ​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​មិន​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​ ​យ៉ាងនេះ​ឯង​។​ ​
 [​៤៩​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​បុគ្គល​ប្រាថ្នា​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​តើ​ដូចម្តេច​។​ ​បុគ្គល​អាឡោះអាល័យ​នូវ​តម្រេក​ ​ក្នុង​ទី​នោះ​ៗ​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​វេទនា​យ៉ាងនេះ​។​បេ​។​ ​សូមឲ្យ​អាត្មាអញ​ ​មាន​សញ្ញា​យ៉ាងនេះ​។​បេ​។​ ​សូមឲ្យ​អាត្មាអញ​ ​មាន​សង្ខារ​យ៉ាងនេះ​។​បេ​។​ ​បុគ្គល​អាឡោះអាល័យ​ ​នូវ​តម្រេក​ក្នុង​ទី​នោះ​ៗ​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ប្រាថ្នា​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636848138044003513
ទៅកាន់ទំព័រ៖