ព្រះត្រៃបិដក ភាគ ២៨
[៦៨] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនរឹងត្អឹង មិនមើលងាយ សំពះបុគ្គលដែលគួរសំពះ ក្រោកទទួលបុគ្គលដែលគួរក្រោកទទួល ឲ្យអាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ ឲ្យផ្លូវ ដល់បុគ្គលដែលគួរដល់ផ្លូវ ធ្វើសក្ការៈ ដល់បុគ្គលដែលគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរគោរព រាប់អានបុគ្គលដែលគួររាប់អាន បូជាដល់បុគ្គលដែលគួរបូជា។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នក មានត្រកូលខ្ពង់ខ្ពស់ ។ ម្នាលមាណព បុគ្គលដែលមិនរឹងត្អឹង មិនមើលងាយគេ សំពះបុគ្គលដែលគួរសំពះ ក្រោកទទួលបុគ្គល ដែលគួរក្រោកទទួល ឲ្យអាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ ឲ្យផ្លូវ ដល់បុគ្គលដែលគួរដល់ផ្លូវ ធ្វើសក្ការៈ ដល់បុគ្គលដែលគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើសេចក្តីគោរព រាប់អានបុគ្គលដែលគួររាប់អាន បូជាបុគ្គលដែលគួរបូជា នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានត្រកូលខ្ពង់ខ្ពស់។
ID: 636848142360570406
ទៅកាន់ទំព័រ៖