ព្រះត្រៃបិដក ភាគ ២៨
មហាកម្មវិភង្គសូត្រ ទី៦
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសមិទ្ធិមានអាយុ គង់នៅក្នុងកុដិ ដែលតាំងនៅក្នុងព្រៃ។ គ្រានោះឯង បរិព្វាជក ឈ្មោះ បោតលិបុត្រ ដើរចង្ក្រមត្រាច់ទៅមក ដើម្បីសម្រួលស្មង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ នឹងព្រះសមិទ្ធិមានអាយុ លុះបញ្ចប់ពាក្យរាក់ទាក់ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៧៤] លុះបោតលិបុត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹងព្រះសមិទ្ធិមានអាយុថា ម្នាលអាវុសោសមិទ្ធិ ពាក្យនេះ ខ្ញុំបានស្តាប់មក ក្នុងទីចំពោះព្រះភក្ត្រ បានទទួលមកក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតមថា កាយកម្មជាកម្មឥតអំពើ វចីកម្មជាកម្មឥតអំពើ មនោកម្មទើបជាកម្មពិត មួយទៀត បុគ្គលចូលកាន់សមាបត្តិណា ហើយមិនទទួលអារម្មណ៍អ្វីមួយ សមាបត្តិនោះក៏មានដែរ។
ID: 636848143864576431
ទៅកាន់ទំព័រ៖