ព្រះត្រៃបិដក ភាគ ២៨
បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត ក៏យល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះដែរ។ តែត្រង់សមណព្រាហ្មណ៍នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត មិនយល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ពោលពាក្យយ៉ាងនេះថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណាដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះដែរ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់នូវហេតុ ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត ក៏មិនយល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមានសេចក្តីយល់ ក្នុងមហាកម្មវិភង្គ ផ្សេងគ្នា។
ID: 636848147590309530
ទៅកាន់ទំព័រ៖