ព្រះត្រៃបិដក ភាគ ២៨

បានឃើញ​បុគ្គល​នោះ​ ​ដែល​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​តថាគត​ ​ក៏​យល់ស្រប​តាម​ពាក្យ​ ​របស់​សមណព្រាហ្មណ៍​នោះ​។​ ​ទាំង​ត្រង់​សមណព្រាហ្មណ៍​នោះ​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​បុគ្គល​ណា​ ​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​។​បេ​។​ ​មានគំនិត​យល់​ត្រូវ​ ​បុគ្គល​ទាំងអស់​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​តថាគត​ ​ក៏​យល់ស្រប​តាម​ពាក្យ​ ​របស់​សមណព្រាហ្មណ៍​នោះ​ដែរ​។​ ​ឯ​ត្រង់​សមណព្រាហ្មណ៍​នោះ​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​ដឹង​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដឹង​ត្រូវ​ ​បុគ្គល​ណា​ ​ដឹង​ផ្សេង​ ​(​អំពី​នេះ​)​ ​ការ​ដឹង​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដឹង​ខុស​ ​តថាគត​ ​មិន​យល់ស្រប​តាម​ពាក្យ​ ​របស់​សមណព្រាហ្មណ៍​នោះ​ទេ​។​ ​ទាំង​ត្រង់​បុគ្គល​នោះ​ ​ស្ទាបអង្អែល​ ​ប្រកាន់​នូវ​ហេតុ​ ​ដែល​យល់​ខ្លួនឯង​ ​ឃើញ​ខ្លួនឯង​ ​ដឹង​ច្បាស់​ខ្លួនឯង​នោះ​ ​ដោយ​កម្លាំង​ទិដ្ឋិ​ ​ហើយ​ពោល​ថា​ ​សេចក្តី​យល់​នេះឯង​ ​ជា​របស់​ពិត​ ​សេចក្តី​យល់​ដទៃ​ ​ជា​មោឃៈ​ ​តថាគត​ ​មិន​យល់ស្រប​តាម​ពាក្យ​ ​របស់​សមណព្រាហ្មណ៍​នោះ​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​អានន្ទ​ ​ព្រោះ​សត្វ​តែង​មាន​សេចក្តី​យល់​ ​ក្នុង​មហា​កម្ម​វិភង្គ​ផ្សេងគ្នា​។​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636848148419276945
ទៅកាន់ទំព័រ៖