ព្រះត្រៃបិដក ភាគ ២៨
លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ ព្រោះហេតុតែបុគ្គលនោះ វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ។ បានជាបុគ្គលនោះ ទទួលនូវវិបាក របស់កម្មនោះ ក្នុងបច្ចុប្បន្ន ឬក្នុងជាតិជាលំដាប់ ឬក៏ក្នុងអត្តភាពខាងក្រោយៗមក។
[៩០] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បាបកម្មនោះ ដែលបុគ្គលនោះបានធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃទុក្ខវេទនា បាបកម្មនោះ ដែលបុគ្គលនោះធ្វើខាងក្រោយ ក៏ជាហេតុនៃទុក្ខវេទនាដែរ មិច្ឆាទិដ្ឋិ ដែលបុគ្គលនោះ បានធ្វើឲ្យបរិបូណ៌ហើយ បានសមាទានហើយ ក្នុងកាលជិតស្លាប់ ព្រោះអំពើនោះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ ព្រោះហេតុតែបុគ្គលនោះ វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។
ID: 636848149858429259
ទៅកាន់ទំព័រ៖