ព្រះត្រៃបិដក ភាគ ២៨
ទើបគួរប្រៀនប្រដៅនូវគណៈបាន សាស្តានោះ តថាគតពោលថា ជាសារថីអ្នកទូន្មាននូវបុរស ជាអាចារ្យដ៏ប្រសើរ ជាងអាចារ្យអ្នកបង្ហាត់នូវវាហនៈ មានដំរីជាដើម នេះជាឧទ្ទេស របស់សឡាយតនវិភង្គ។
[៩៤] ពាក្យថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង៦ ដូច្នេះនេះ តថាគត បានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ អាយតនៈ (អណ្តូងជាទីកើតនៃអារម្មណ៍) គឺភ្នែក១ អាយតនៈគឺត្រចៀក១ អាយតនៈ គឺច្រមុះ១ អាយតនៈ គឺអណ្តាត១ អាយតនៈ គឺកាយ១ អាយតនៈ គឺចិត្ត១។ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៥] ពាក្យថា បុគ្គលគប្បីដឹងអាយតនៈខាងក្រៅ៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ អាយតនៈ គឺរូប១ អាយតនៈ គឺសំឡេង១ អាយតនៈ គឺក្លិន១ អាយតនៈ គឺរស១ អាយតនៈ គឺផោដ្ឋព្វៈ១ អាយតនៈ គឺធម៌១។
ID: 636848150789662523
ទៅកាន់ទំព័រ៖