ព្រះត្រៃបិដក ភាគ ២៨
សុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសក នវមភាគ
វិភង្គវគ្គ
ភទ្ទេករត្តសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវឧទ្ទេស គឺមាតិកា ជាគ្រឿងសំដែងឡើង និងវិភង្គ គឺបទ ជាគ្រឿងចែកដោយពិស្តារ របស់បុគ្គលអ្នកមានរាត្រីមួយដ៏ចម្រើន ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវសូត្រនោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
ID: 636848112933237259
ទៅកាន់ទំព័រ៖