ព្រះត្រៃបិដក ភាគ ២៨
[៩៩] ពាក្យថា បណ្ឌិតគប្បីដឹង សត្តបទ (ចំណែកនៃសត្វ) ៣៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ គេហសិតសោមនស្ស (សោមនស្សអាស្រ័យកាមគុណ) មាន៦ នេក្ខម្មសិតសោមនស្ស (សោមនស្សអាស្រ័យនេក្ខម្មៈ គឺវិបស្សនា) មាន៦ គេហសិតទោមនស្ស មាន៦ នេក្ខម្មសិតទោមនស្ស មាន៦ គេហសិតឧបេក្ខា មាន៦ នេក្ខម្មសិតឧបេក្ខា មាន៦ (ត្រូវជា៣៦)។
[១០០] បណ្តាធម៌ទាំងនោះ គេហសិតសោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គល កាលឃើញច្បាស់ នូវការបានរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ គឺតណ្ហា ថាជាការបានក្តី កាលរលឹកឃើញ (នូវរូប) ដែលខ្លួនធ្លាប់បានហើយក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយក៏កើតសេចក្តីសោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ
ID: 636848195653808605
ទៅកាន់ទំព័រ៖