ព្រះត្រៃបិដក ភាគ ២៨
[១២៦] លំដាប់នោះ ភិក្ខុទាំងនោះ ត្រេកអរ អនុមោទនា នឹងភាសិតរបស់ព្រះមហាកច្ចានៈមានអាយុ ហើយក៏ក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួររួចហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសណា ដល់យើងខ្ញុំព្រះអង្គទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ពិចារណាហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង ហើយមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មានវិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ ឯការកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែងមិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ភិក្ខុគប្បីពិចារណា ដោយប្រការយ៉ាងនោះៗចុះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងនោះ
ID: 636848205454739186
ទៅកាន់ទំព័រ៖