ព្រះត្រៃបិដក ភាគ ២៨
[១៥៨] ពាក្យថា បុគ្គលនោះ មិនគួរបណ្តែតបណ្តោយបញ្ញា គួររក្សារឿយៗ នូវសច្ចៈ គួរចម្រើនរឿយៗ នូវចាគៈ គួរសិក្សានូវសន្តិ ដូច្នេះនុ៎ះ យើងបានពោលហើយ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុ ចុះបុគ្គលមិនបណ្តែតបណ្តោយបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុ ធាតុនេះ មាន៦ប្រការ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ១។
[១៥៩] ម្នាលភិក្ខុ ចុះបឋវីធាតុ តើដូចម្តេច។ ឯបឋវីធាតុ ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលភិក្ខុ ចុះបឋវីធាតុជាខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់កក ជារបស់រឹង មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬរបស់ដទៃណាមួយ ជាធម្មជាតកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់កក ជារបស់រឹង មានវិញ្ញាណចូលទៅអាស្រ័យនៅដែរ ម្នាលភិក្ខុ នេះ យើងហៅថាបឋវីធាតុខាងក្នុង។
ID: 636848224069703901
ទៅកាន់ទំព័រ៖