ព្រះត្រៃបិដក ភាគ ២៨

ទាំងពីរ​នេះ​ ​ជា​អាបោធាតុ​ដូចគ្នា​។​ ​បុគ្គល​គួរ​ឃើញ​តាមពិត​ ​នូវ​អាបោធាតុ​នោះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​លុះ​ឃើញ​តាមពិត​នូវ​អាបោធាតុ​នោះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ក្នុង​អាបោធាតុ​ ​រមែង​ញុំាង​ចិត្ត​ឲ្យ​គ្រាក​ចេញ​ ​អំពី​អាបោធាតុ​។​
 [​១៦១​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​តេជោធាតុ​ ​តើ​ដូចម្តេច​។​ ​តេជោធាតុ​ ​ខាងក្នុង​ក៏​មាន​ ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​តេជោធាតុ​ខាងក្នុង​ ​តើ​ដូចម្តេច​។​ ​ធម្មជាត​ណា​ ​ដែល​កើត​ក្នុង​ខ្លួន​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​មាន​ចំហាយ​ ​ជា​របស់​មាន​កំ​ដៅ​ ​មានវិញ្ញាណ​ ​ចូល​ទៅ​អាស្រ័យ​នៅ​ ​គឺ​ភ្លើងធាតុ​ ​ដែល​ធ្វើ​កាយ​ឲ្យ​ក្តៅ​ស្រួល១​ ​ភ្លើងធាតុ​ដែល​ធ្វើការ​ឲ្យ​ទ្រុត​ទ្រោម​ ​ឬ​គ្រាំគ្រា​ទៅ១​ ​ភ្លើងធាតុ​ដែល​ធ្វើ​កាយ​ឲ្យ​ក្តៅរោលរាល១​ ​ភ្លើងធាតុ​ ​ដែល​ធ្វើ​អាហារ​ដែល​បុគ្គល​ស៊ី​ ​ផឹក​ ​ទំពាស៊ី​ ​ក្រេប​ ​ជញ្ជាប់​ ​ឲ្យ​ដល់​នូវ​ការ​រលាយ​ទៅ​ដោយ​ស្រួល១​ ​ឬ​ធម្មជាត​ដទៃ​ណាមួយ​ ​ដែល​កើត​ក្នុង​ខ្លួន​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​មាន​ចំហាយ​ ​ជា​របស់​មាន​កំ​ដៅ​ ​មានវិញ្ញាណ​ ​ចូល​ទៅ​អាស្រ័យ​នៅ​ ​ម្នាល​ភិក្ខុ​ ​នេះ​ ​យើង​ហៅថា​ ​តេជោធាតុ​ខាងក្នុង​។​ ​មួយទៀត​ ​តេជោធាតុ​ខាងក្នុង​ណា​ក្តី​ ​តេជោធាតុ​ខាងក្រៅ​ណា​ក្តី​ ​ទាំងពីរ​នេះ​ ​ហៅថា​ ​តេជោធាតុ​ដូចគ្នា​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636848224917912416
ទៅកាន់ទំព័រ៖