ព្រះត្រៃបិដក ភាគ ២៨
លុះព្រះសារីបុត្តមានអាយុ និងព្រះអានន្ទមានអាយុ ទូន្មានអនាថបិណ្ឌិកគហបតី ដោយឱវាទនេះរួចហើយ ក៏ក្រោកចាកអាសនៈចៀសចេញទៅ។
[២១៣] កាលបើព្រះសារីបុត្តមានអាយុ និងព្រះអានន្ទមានអាយុ ចៀសចេញទៅ អស់កាលមិនយូរប៉ុន្មាន អនាថបិណ្ឌិកគហបតី ក៏ធ្វើមរណកាល ទៅកើតក្នុងពួកទេវតាឋានតុសិត។ លំដាប់នោះ អនាថបិណ្ឌិកទេវបុត្ត លុះរាត្រីបឋមយាមកន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងអស់ ឲ្យភ្លឺស្វាងហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា
វត្តជេតពននេះ សុទ្ធតែពួកអ្នកស្វែងរកគុណដ៏ល្អ នៅអាស្រ័យជានិច្ច ដែលព្រះពុទ្ធជាធម្មរាជ គង់អាស្រ័យនៅ
ID: 636848255558714970
ទៅកាន់ទំព័រ៖