ព្រះត្រៃបិដក ភាគ ២៨
អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាច្រើននោះ មិនមានសោះឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គល ដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស ជាអ្នកមិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយចម្រើន។
កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនចែកសេចក្តីដោយពិស្តារហើយ អ្នកណា គប្បីចែកសេចក្តី ដោយពិស្តារបាន។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមហាកច្ចានៈមានអាយុនេះ ព្រះសាស្តា ទ្រង់សរសើរផង ពួកសព្រហ្មចារី ជាអ្នកចេះដឹង បានលើកតំកើងផង ព្រះមហាកច្ចានៈមានអាយុ អាចចែករំលែក នូវសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែករំលែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារបានផង បើដូច្នោះ គួរពួកយើងនាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ យើងត្រូវសួរសេចក្តីនុ៎ះ នឹងព្រះកច្ចានៈមានអាយុ។
ID: 636848120036393536
ទៅកាន់ទំព័រ៖