ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោសារីបុត្រ ព្រោះថា អំពើដែលសមគួរដល់សាវ័ក គឺត្រង់បម្រើព្រះសាស្តា ដោយសេចក្តីពេញចិត្តពិតៗ មិនមែនបម្រើដោយសេចក្តីមិនពេញចិត្តនោះទេ ម្នាលអាវុសោសារីបុត្រ អ្នកចូរចាំទុកសេចក្តីនុ៎ះ យ៉ាងនេះថា ឆន្នភិក្ខុ នឹងកាន់យកកាំបិតឥតទោសពៃរ៍អ្វីទេ។ ព្រះសារីបុត្រសួរថា បើឆន្នៈមានអាយុបើកឱកាស ដើម្បីឆ្លើយប្រស្នាបាន យើងនឹងសួរនូវហេតុបន្តិចនឹងឆន្នៈមានអាយុ។ ឆន្នភិក្ខុឆ្លើយថា ម្នាលអាវុសោសារីបុត្រ អ្នកសួរមកចុះ ខ្ញុំស្តាប់ហើយ គង់នឹងដឹង។
[២២៤] ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវសោតៈ នូវសោតវិញ្ញាណ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវឃានៈ នូវឃានវិញ្ញាណ... ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវជីវ្ហា នូវជីវ្ហាវិញ្ញាណ... ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវកាយ នូវកាយវិញ្ញាណ... ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។
ID: 636848258957839389
ទៅកាន់ទំព័រ៖