ព្រះត្រៃបិដក ភាគ ២៨
មនោសម្ផ័ស្ស មិនមែនជាខ្លួន វេទនា ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) តណ្ហា គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ មិនមែនជាខ្លួន មនោសម្ផ័ស្ស មិនមែនជាខ្លួន វេទនា មិនមែនជាខ្លួន តណ្ហា ក៏មិនមែនជាខ្លួនឡើយ។
[២៩៥] ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាដំណើរកើតនៃសក្កាយ។ បុគ្គលពិចារណាឃើញចក្ខុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញចក្ខុសម្ផ័ស្សថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។
ID: 636848275786811951
ទៅកាន់ទំព័រ៖