ព្រះត្រៃបិដក ភាគ ២៨
ពាល់ត្រូវ រមែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេង បដិឃានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាលបើអទុក្ខមសុខវេទនាពាល់ត្រូវ រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវសេចក្តីវិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់ចេញ នូវវេទនានោះ អវិជ្ជានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះឯង បើទុកជាមិនបាច់លះបង់ នូវរាគានុស័យ ក្នុងសុខវេទនា មិនបាច់បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា មិនបាច់គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា មិនបាច់លះបង់ នូវអវិជ្ជា មិនបាច់ញុំាងវិជ្ជា ឲ្យកើតឡើងក៏ដោយ ក៏គង់ជាអ្នកធ្វើនូវទីបំផុត នៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ សោតវិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង... ឃានវិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន...
ID: 636848276582277449
ទៅកាន់ទំព័រ៖