ព្រះត្រៃបិដក ភាគ ២៨
[៣៥] ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ ចក្ខុនិងរូបទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបជាបច្ចុប្បន្ននោះឯង បុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ ត្រចៀកនិងសំឡេង... ម្នាលអាវុសោ ច្រមុះ និងក្លិន... ម្នាលអាវុសោ អណ្តាត និងរស... ម្នាលអាវុសោ កាយ និងផោដ្ឋព្វៈ... ម្នាលអាវុសោ ចិត្ត និងធម្មារម្មណ៍ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍ ជាបច្ចុប្បន្ននោះឯង បុគ្គលរមែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះវិញ្ញាណជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះជាបច្ចុប្បន្ននោះ ឈ្មោះថា រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។
ID: 636848123067096883
ទៅកាន់ទំព័រ៖