ព្រះត្រៃបិដក ភាគ ២៨
ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍ដែលគប្បីដឹងបានដោយចិត្ត ជាអ្នកមានចិត្តមិនទាន់ស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយវាចាចិត្ត នេះឯងជាសេចក្តីប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែលឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះឯង។
[៣១០] ម្នាលគហបតីទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះថា ម្នាលអ្នកមានអាយុទាំងឡាយ ចុះលោកមានអាយុទាំងឡាយ មានហេតុដូចម្តេច មានប្រាជ្ញាយោបល់ដូចម្តេច ដែលនាំឲ្យអ្នកទាំងឡាយនិយាយ យ៉ាងនេះថា អ្នកមានអាយុទាំងនោះ ប្រាសចាករាគៈ ឬកំពុងប្រតិបត្តិដើម្បីបន្ទោបង់នូវរាគៈ ប្រាសចាកទោសៈ ឬកំពុងប្រតិបត្តិដើម្បីបន្ទោបង់នូវទោសៈ ប្រាសចាកមោហៈ
ID: 636848282590611106
ទៅកាន់ទំព័រ៖