ព្រះត្រៃបិដក ភាគ ២៨
[៥០] ម្នាលភិក្ខុ ចុះបុគ្គលមិនប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គលមិនអាឡោះអាល័យនូវតម្រេក ក្នុងទីនោះៗថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ សូមឲ្យអាត្មាអញ មានវេទនាយ៉ាងនេះ។បេ។ សូមឲ្យអាត្មាអញ មានសញ្ញាយ៉ាងនេះ។បេ។ សូមឲ្យអាត្មាអញ មានសង្ខារយ៉ាងនេះ។បេ។ បុគ្គលមិនអាឡោះអាល័យ នូវតម្រេកក្នុងទីនោះៗថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានវិញ្ញាណយ៉ាងនេះ។ ម្នាលភិក្ខុ បុគ្គលមិនប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។
[៥១] ម្នាលភិក្ខុ ចុះបុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសក្នុងធម៌របស់ព្រះអរិយៈ មិនបានទទួលណែនាំ ក្នុងធម៌របស់ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសក្នុងធម៌ របស់សប្បុរស មិនបានទទួលណែនាំ ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូប ឃើញរូបថាមានក្នុងខ្លួន ឬឃើញខ្លួន ថាមានក្នុងរូប នូវវេទនា។បេ។ នូវសញ្ញា។បេ។
ID: 636848138290377605
ទៅកាន់ទំព័រ៖