ព្រះត្រៃបិដក ភាគ ២៨
[៥៨] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានសស្ត្រាដាក់ចុះហើយ ជាអ្នកមានសេចក្តីអៀនខ្មាស មានសេចក្តីអាណិតអាសូរ អនុគ្រោះដោយប្រយោជន៍ ក្នុងពួកសត្វទាំងអស់។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ប្រសិនបើបុគ្គលនោះ រំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងមានអាយុវែង។ ម្នាលមាណព បុគ្គលដែលលះបង់បាណាតិបាត វៀរចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានសស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស មានសេចក្តីអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ក្នុងពួកសត្វទាំងអស់ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីឲ្យមាន អាយុវែង ។
ID: 636848139943452155
ទៅកាន់ទំព័រ៖