ព្រះត្រៃបិដក ភាគ ២៨
លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនបានទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានអាពាធតិច។ ម្នាលមាណព បុគ្គលដែលជាអ្នកមិនបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយសស្ត្រាខ្លះ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានអាពាធតិច។
[៦១] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែគេស្តីថាបន្តិចបន្តួច ក៏ថ្នាំងថ្នាក់ ខឹង ព្យាបាទ តបត សំដែងសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដឡើង។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទី
ID: 636848140622560998
ទៅកាន់ទំព័រ៖