ព្រះត្រៃបិដក ភាគ ២៨
បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានប្រាជ្ញាច្រើន។ ម្នាលមាណព បុគ្គលដែលចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយបានសួរថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល អ្វីជាអកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅដើម្បីទោស ដើម្បីសេចក្តីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលដ៏យូរ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានប្រាជ្ញាច្រើន ។
[៧១] ម្នាលមាណព ព្រោះហេតុថា សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅឲ្យមានអាយុខ្លី រមែងនាំឲ្យមានអាយុខ្លី សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានអាយុវែង រមែងនាំឲ្យមានអាយុវែង សេចក្តីប្រតិបត្តិ ប្រព្រឹត្តទៅ ដើម្បីឲ្យមានអាពាធច្រើន រមែងនាំឲ្យមានអាពាធច្រើន សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីអាពាធតិច រមែងនាំឲ្យមានអាពាធតិច សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានសម្បុរអាក្រក់ រមែងនាំឲ្យមានសម្បុរអាក្រក់ សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីជាអ្នកមានសម្បុរជ្រះថ្លា រមែងនាំឲ្យជាអ្នកមានសម្បុរជ្រះថ្លា
ID: 636848143060170421
ទៅកាន់ទំព័រ៖