ព្រះត្រៃបិដក ភាគ ២៨

យើង​គប្បី​ចងចាំ​សេចក្តី​នោះ​ ​យ៉ាងនោះ​។​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ទទួលពាក្យ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​គ្រានោះ​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​និង​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​ចរចា​ទាំងប៉ុន្មាន​ ​របស់​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​ជាមួយនឹង​បោ​ត​លិ​បុ​ត្ត​បរិ​ព្វា​ជ​ក​ទាំងអស់​ ​ចំពោះ​ព្រះមានព្រះភាគ​។​
 [​៧៦​]​ ​លុះ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​ ​តថាគត​ ​មិនទាំង​ធ្លាប់​ឃើញ​ ​នូវ​បោ​ត​លិ​បុ​ត្ត​បរិ​ព្វា​ជ​ក​សោះ​ ​តើ​នឹង​មានការ​ចរចា​ជាមួយ​បែបនេះ​ ​មក​ពីណា​ ​ម្នាល​អានន្ទ​ ​ប្រស្នា​ដែល​គួរ​ចែក​ ​គួរ​ដោះស្រាយ​ ​ដល់​បោ​ត​លិ​បុ​ត្ត​បរិ​ព្វា​ជ​ក​ ​លោក​សមិទ្ធិ​ ​ជា​មោឃបុរស​នេះឯង​ ​ដោះស្រាយ​ហើយ​តែមួយ​ចំណែក​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636848144584287596
ទៅកាន់ទំព័រ៖