ព្រះត្រៃបិដក ភាគ ២៨
ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងអាយតនៈខាងក្រៅ៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៦] ពាក្យថា បុគ្គលគប្បីដឹងកងនៃវិញ្ញាណ៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ចក្ខុវិញ្ញាណ (សេចក្តីដឹងតាមទ្វារភ្នែក)១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងកងនៃវិញ្ញាណ៦ ដូច្នេះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។
[៩៧] ពាក្យថា បុគ្គលគប្បីដឹងកងនៃផស្សៈ៦ ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ ចក្ខុសម្ផ័ស្ស (អារម្មណ៍ដែលប៉ះពាល់ដោយភ្នែក)១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១ ពាក្យណា ដែលតថាគតពោលហើយថា បុគ្គលគប្បីដឹងកងនៃផស្សៈ៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យនូវហេតុនេះឯង។
ID: 636848151092899867
ទៅកាន់ទំព័រ៖