ព្រះត្រៃបិដក ភាគ ២៩
កាមទសូត្រ ទី៦
[២៣៤] កាមទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ កាលធ្វើសមណធម៌ បុគ្គលធ្វើបានដោយកម្រ បពិត្រព្រះមានព្រះភាគ ការធ្វើសមណធម៌ បុគ្គលធ្វើបានដោយកម្រក្រៃពេក។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ) លុះតែជនទាំងឡាយ ប្រកបដោយសេក្ខសីល មានសភាពជាអ្នកខ្ជាប់ខ្ជួន ទើបធ្វើសមណធម៌ ដែលបុគ្គលធ្វើបានដោយកម្រ សេចក្តីសន្តោសរបស់បុគ្គលចូលដល់នូវភាពជាបុគ្គលគ្មានផ្ទះ ជាគុណជាតនាំមកនូវសេចក្តីសុខ។
[២៣៥] កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីសន្តោសនេះ បុគ្គលបានដោយកម្រ។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ) លុះតែចិត្តរបស់ពួកជន ដែលត្រេកអរ ក្នុងភាវនាទាំងយប់ ទាំងថ្ងៃ ត្រេកអរក្នុងធម៌ ជាគ្រឿងចូលទៅជិត ញុំាងចិត្តឲ្យស្ងប់ ទើបបាននូវសេចក្តីសន្តោស ដែលបុគ្គលបានដោយកម្រ។
ID: 636848420499533755
ទៅកាន់ទំព័រ៖