ព្រះត្រៃបិដក ភាគ ២៩
[២៣៦] កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ចិត្តនេះ បុគ្គលតម្កល់បានដោយកម្រ។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ) លុះតែពួកជនណា ជាអរិយៈ ត្រេកអរក្នុងការរម្ងាប់នូវឥន្ទ្រិយ កាត់នូវបណ្តាញនៃមច្ចុបាន ម្នាលកាមទៈ ពួកជននោះ ទើបតម្កល់នូវចិត្ត ដែលបុគ្គលតម្កល់បានដោយកម្រ។
[២៣៧] កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ផ្លូវមិនរាបស្មើ បុគ្គលទៅបានដោយកម្រ។
ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ លុះតែពួកអរិយជន ទើបទៅក្នុងផ្លូវមិនរាបស្មើ ដែលបុគ្គលទៅបានដោយកម្រ ពួកជនមិនមែនជាអរិយៈ តែងមានក្បាលសំយុងចុះ ធ្លាក់ទៅក្នុងផ្លូវដ៏មិនរាបស្មើ ឯផ្លូវដ៏រាបស្មើ ជាផ្លូវសម្រាប់តែពួកអរិយជន ព្រោះថា ពួកអរិយជន តែងប្រព្រឹត្តស្មើ ក្នុងផ្លូវដ៏មិនរាបស្មើបាន។
ID: 636848420822362219
ទៅកាន់ទំព័រ៖