ព្រះត្រៃបិដក ភាគ ២៩
នានាតិត្ថិយវគ្គ ទី៣
សិវសូត្រ ទី១
[២៨០] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ សិវៈ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
[២៨១] លុះ សិវទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវព្រះសទ្ធម្ម(១) របស់ពួកសប្បុរស រមែងបានសេចក្តីល្អ មិនមានអាក្រក់ឡើយ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស
(១) សំដៅយកសីល៥។
ID: 636848432201603075
ទៅកាន់ទំព័រ៖