ព្រះត្រៃបិដក ភាគ ២៩
ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារជាបឋម ដល់មហេសី មហេសី ក៏បានឲ្យទាន ក្នុងទ្វារជាបឋមនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកក្សត្រិយ៍ជាចំណុះ ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី ក៏បានឲ្យទានដែរ ឯពួកយើងមិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏បានឲ្យទ្វារទីពីរ ដល់ពួកក្សត្រិយ៍ចំណុះ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទាន ក្នុងទ្វារទីពីរនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។
ID: 636848434711366625
ទៅកាន់ទំព័រ៖