ព្រះត្រៃបិដក ភាគ ២៩
បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកពល ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសីបានឲ្យទានហើយ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបី ដល់ពួកពល ពួកពល ក៏បានឲ្យទាន ក្នុងទ្វារទីបីនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យ ដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី បានឲ្យទានហើយ ពួកក្សត្រិយ៍ជាចំណុះ បានឲ្យទានហើយ ពួកពល ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។
ID: 636848434929129080
ទៅកាន់ទំព័រ៖