ព្រះត្រៃបិដក ភាគ ២៩
ពោលនូវដំណើរ ដែលសត្វមិនបានដល់ នូវទីបំផុតនៃសង្ខារលោក ហើយធ្វើនូវទីបំផុត នៃវដ្តទុក្ខទេ ម្នាលអាវុសោ ម្យ៉ាងទៀត តថាគត សំដែងនូវលោក គឺទុក្ខសច្ចផង នូវហេតុជាទីកើតឡើងនៃលោក គឺសមុទយសច្ចផង នូវទីរលត់នៃលោក គឺនិរោធសច្ចផង នូវបដិបទា ជាហេតុទៅកាន់ទីរលត់ នៃលោក គឺមគ្គសច្ចផង ក្នុងអត្តភាពប្រមាណមួយព្យាម ដែលប្រកបដោយសញ្ញា ប្រកបដោយចិត្តនេះទេតើ។
ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការទៅដោយជើង ក្នុងកាលណាៗឡើយ ឯការមិនបានដល់នូវទីបំផុតនៃលោក ហើយរួចស្រឡះចាកទុក្ខ មិនមានទេ ព្រោះហេតុនោះ បុគ្គលអ្នកមានបញ្ញាល្អ ដឹងច្បាស់នូវលោក ដល់នូវទីបំផុតនៃលោក មានព្រហ្មចរិយធម៌នៅស្រេចហើយ មានបាបរម្ងាប់បង់ហើយ ដឹងនូវទីបំផុតនៃលោក រមែងមិនប្រាថ្នា នូវលោកនេះផង នូវលោកខាងមុខផង។
ID: 636848438523214650
ទៅកាន់ទំព័រ៖