ព្រះត្រៃបិដក ភាគ ២៩
សុសិមសូត្រ ទី៩
[៣០៧] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអានន្ទ សារីបុត្ត គាប់ចិត្តនឹងអ្នក ដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្ត នឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតព្រះសារីបុត្តមានអាយុ ជាបណ្ឌិត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាច្រើន បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាក្រាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញា ជាគ្រឿងរីករាយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញា ជាគ្រឿងទម្លាយនូវកិលេស
ID: 636848439611816915
ទៅកាន់ទំព័រ៖