ព្រះត្រៃបិដក ភាគ ២៩
ព្រោះហេតុដូចម្តេច ព្រោះថា ខ្លួនមិនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណា ដល់ខ្លួនមិនជាទីស្រឡាញ់ ឯបុគ្គលទាំងនោះ រមែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនមិនជាទីស្រឡាញ់ របស់បុគ្គលទាំងនោះឡើយ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ទើបខ្លួនឈ្មោះថាជាទីស្រឡាញ់ របស់បុគ្គលទាំងនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនមិនជាទីស្រឡាញ់ របស់យើង ក៏ឈ្មោះថា ខ្លួនជាទីស្រឡាញ់ របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ខ្លួនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណាដល់ខ្លួនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថា ជាទីស្រឡាញ់របស់បុគ្គលទាំងនោះ។
[៣៣៩] ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ខ្លួនឈ្មោះថា មិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះឡើយ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា
ID: 636848446926485290
ទៅកាន់ទំព័រ៖