ព្រះត្រៃបិដក ភាគ ២៩
លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយ័ញ្ញ ក្នុងទីឯណោះ ពួកគោឧសភ៥០០ កូនគោឈ្មោល៥០០ កូនគោញី៥០០ ពពែ៥០០ ចៀម៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ធ្វើនូវបរិកម្មទាំងឡាយ។
[៣៥៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវគាថាទាំងនេះ ក្នុងវេលានោះថា
(មហាយ័ញ្ញទាំងឡាយ) មានការរវល់ច្រើន គឺ អស្សមេធៈ(១) ១ បុរិសមេធៈ(២) ១ សម្មាបាសៈ(៣) ១ វាជបេយ្យ(៤) ១
(១) អស្សមេធំ សម្លាប់សេះ។ (២) បុរិសមេធំ សម្លាប់បុរស (៣) សម្មាបាសំ ពួកជននាំគ្នាបោះកាំនឹម ទៅឰដ៏អាកាសរាល់ៗថ្ងៃ កាំនឹមនោះ ធ្លាក់ចុះត្រង់កន្លែងណា ក៏នាំគ្នាទៅសាងវេទិកា គឺទីសម្រាប់បូជាយ័ញ្ញត្រង់កន្លែងនោះ។ (៤) វាជបេយ្យំ ផឹកទឹកផ្អែម មានសប្បិ និងទឹកឃ្មុំ ជាដើម។
ID: 636848473527916805
ទៅកាន់ទំព័រ៖