ព្រះត្រៃបិដក ភាគ ២៩
[៣៧៣] គ្រានោះឯង ភិក្ខុច្រើនរូបស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់បិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលានេះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា មកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះបាទបសេនទិកោសល ក៏ទ្រង់រៀបចតុរង្គសេនា ទៅតទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី
ID: 636848478971948185
ទៅកាន់ទំព័រ៖