ព្រះត្រៃបិដក ភាគ ២៩
បពិត្រព្រះអង្គជាធំជាងជន សូមព្រះអង្គចិញ្ចឹមតែស្ត្រីមួយពួក ដែលមានបញ្ញា មានសីល មានម្តាយក្មេក និងឪពុកក្មេកដូចជាទេព្តា ជាអ្នកធ្វើវត្តដល់ប្តី ជាស្ត្រីប្រសើរ បពិត្រព្រះអង្គជាធំក្នុងទិស បុរសណា កើតចាកស្ត្រីនោះ បុរសនោះ ជាអ្នកក្លៀវក្លា ឯបុត្តនៃភរិយាល្អប្រាកដដូច្នោះ តែងប្រៀនប្រដៅនូវជន ដែលនៅក្នុងដែនបាន។
បឋមអប្បមាទសូត្រ ទី៧
[៣៨២] ទៀបក្រុងសាវត្ថី... លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទ្រង់ត្រាស់នឹងព្រះមានព្រះភាគ ដូច្នេះថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរឬ ព្រះអង្គ។ ព្រះអង្គត្រាស់ថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរ មហារាជ។
ID: 636848482768055310
ទៅកាន់ទំព័រ៖