ព្រះត្រៃបិដក ភាគ ២៩
បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ទេវតានោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់ នូវសន្ទិដ្ឋិកកាម ហើយស្ទុះទៅរកកាលិកកាមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរកកាលិកកាមវិញទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម ប្រាថ្នាយកសន្ទិដ្ឋិកលោកុត្តរធម៌វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន
ID: 636848364801863321
ទៅកាន់ទំព័រ៖