ព្រះត្រៃបិដក ភាគ ២៩
ក៏ចូលទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក។ បពិត្រមហារាជ ប្រៀបដូចបុរស ចុះអំពីប្រាសាទ មកកាន់កដំរី ចុះអំពីកដំរី មកកាន់ខ្នងសេះ ចុះអំពីខ្នងសេះ មកកាន់បល្ល័ង្ក ចុះអំពីបល្ល័ង្ក មកកាន់ផែនដី ចេញអំពីផែនដី ចូលទៅកាន់ទីងងឹតឈឹង យ៉ាងណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលភ្លឺ មានងងឹតទៅខាងមុខ។
[៤០១] បពិត្រមហារាជ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ឬក៏ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានធនច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន។ បុគ្គលនោះ មានរូបក៏ល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង
ID: 636848500219893498
ទៅកាន់ទំព័រ៖