ព្រះត្រៃបិដក ភាគ ២៩
ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានិយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានពោលនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះថ្មីៗ អាត្មា មិនអាចនឹងសំដែងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយដល់អ្នកយ៉ាងណា អ្នកត្រូវចាំសេចក្តីនោះ យ៉ាងនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកស្តាប់ធម៌ដែរ។
ID: 636848365155593553
ទៅកាន់ទំព័រ៖